
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាក់ប្រាប់ភារធារីស្ថានទូតអាម៉េរិក ថា កម្ពុជាប្តេជ្ញាចិត្តឥតរាថយ ក្នុងការបោសសម្អាត Online Scams
(ភ្នំពេញ)៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ព្រមទាំងសហការី។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជានាពេលកន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗ ប្រាប់ភាគីអាម៉េរិកថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ដោយមាន «ការប្តេជ្ញាចិត្តឥតដកថយ» ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។











