
ប្រជាពលរដ្ឋរស់នៅស្រុកជាប់ព្រំដែនកម្ពុជា-ថៃ បានទទួលវគ្គផ្សព្វផ្សាយ ស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ពីមន្ត្រីសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង
បាត់ដំបង៖ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក កុសុម សុភីនារ៉ា នាយកសាខា បានបន្តចាត់មន្ត្រីប្រតិបត្តិសាខាខេត្ត សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំពៅលូន ដឹកនាំអ្នកស្ម័គ្រចិត្តចុះផ្សព្វផ្សាយស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសហគមន៍មានសុខភាពល្អ ជូនដល់ប្រជាពលរដ្ឋមកពីភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។ វគ្គនេះត្រូវបានសម្របសម្រួលដោយ លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងមានការចូលរួមពីលោក លោកស្រី មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋសរុបប្រមាណជិត ៦០នាក់។ វគ្គផ្សព្វផ្សាយនេះឧបត្ថម្ភគាំទ្រដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ICRC) តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។











