
ប្រវត្តិរម្មណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដ៏មានទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ មកកំសាន្តក្នុងទឹកដីខេត្តពោធិ៍សាត់
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ជារមណីយដ្ឋានធម្មជាតិបែបផ្សងព្រេង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៧៣គីឡូម៉ែត្រពីទីរួមខេត្ត និង ១៩៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ តំបន់នេះព័ទ្ធជុំវិញដោយព្រៃភ្នំ និងមានដើមឈើមានតម្លៃព្រមទាំងសត្វព្រៃចម្រុះជាច្រើនប្រភេទ។ រមណីយដ្ឋាននេះត្រូវបានបែងចែកជាដំណាក់កម្សាន្តជាច្រើនដូចជា៖ ដំណាក់តាង៉ុកគយ ដំណាក់កោះយាយចាំតា ដំណាក់ទឹកឈូរ ដំណាក់មនោរម្យ ដំណាក់ថ្មសណ្តូក ទឹកជ្រោះដំណាក់ព្រះ ដំណាក់ម្លប់ជ្រៃក្រឹម ដំណាក់កោះសុបិន្ត ដំណាក់ទឹកធ្លាក់ ដំណាក់កោះដាច់ និងដំណាក់កោះភ្ញៀវ។ ទេសចរណ៍ធម្មជាតិមួយនេះមានលក្ខណៈពិសេសបីយ៉ាងគឺ ទឹកថ្លាត្រជាក់ ទេសភាពស្រស់ស្អាត និងទឹកជ្រោះធ្លាក់ច្រើនដំណាក់គួរឱ្យចង់គយគន់ ដែលធ្វើឱ្យភ្ញៀវទេសចរមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។











