
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំបូកសរុបលទ្ធផល និងពង្រឹងការងារបង្ក្រាបបទល្មើសព្រហ្មទណ្ឌ
ពោធិ៍សាត់៖ កាលពីពេលថ្មីៗនេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌប្រចាំខែមិថុនា ព្រមទាំងដាក់ចេញទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីមន្ត្រីនគរបាលយុត្តិធម៌ និងជំនាញតាមអធិការដ្ឋានក្រុង-ស្រុកទាំង៧។ ក្នុងកិច្ចប្រជុំនោះ លោកស្នងការរងបានដាក់ចេញវិធានការសំខាន់ៗ រួមមាន៖ ការបំពេញនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ ការតាមដានទីតាំងប្រឈម និងរឹតបន្តឹងកន្លែងទទួលបញ្ចាំ ការបង្កើនការស៊ើបអង្កេតដោយរក្សាការសម្ងាត់ ការទប់ស្កាត់ក្មេងទំនើង ព្រមទាំងការអប់រំប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិ។ ទន្ទឹមនឹងនោះ លោកវរសេនីយ៍ឯក ឡាង ម៉ៅ នាយការិយាល័យបុគ្គលិក ក៏បានប្រកាសផ្ទៃក្នុងសម្រួលភារកិច្ចមន្ត្រីនគរបាលជាតិចំនួន ២រូប ដើម្បីពង្រឹងប្រសិទ្ធភាពដឹកនាំ និងការអនុវត្តការងារក្នុងអង្គភាពផងដែរ៕










