
មន្ទីរអប់រំខេត្ត ចូលរួមសិក្ខាសាលាថ្នាក់ជាតិ រយៈពេល ២ថ្ងៃ ដើម្បីជំរុញការផ្តល់អាហារតាមសាលារៀនដោយប្រើកសិផលសហគមន៍
ខេត្តសៀមរាប៖ នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឆ្នាំ២០២៦។ សិក្ខាសាលាថ្នាក់ជាតិនេះ មានរយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី០៨ ខែកក្កដា) ដោយប្រារព្ធឡើងនៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីលទ្ធផលការងារ ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងយន្តការអនុវត្តកម្មវិធីផ្តល់អាហារដល់សិស្សានុសិស្សនៅតាមសាលារៀនគោលដៅ ដោយផ្អែកលើការបញ្ជាទិញកសិផលផ្ទាល់ពីប្រជាកសិករក្នុងសហគមន៍ ដើម្បីរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភ កាត់បន្ថយការបោះបង់ការសិក្សា និងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន៕











