
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ នាំយកអំណោយរបស់លោកស្នងការខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខសមាជិកសមាគមអតីតយុទ្ធជនដែលកំពុងមានជំងឺ
ពោធិ៍សាត់៖ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ អនុប្រធាន និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តពោធិ៍សាត់ តំណាងស្នងការនគរបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ លោក ឡាញ់ ស៊ីធឿន ដែលជាសមាជិកសមាគម។ នៅក្នុងឱកាសចុះសួរសុខទុក្ខដល់គេហដ្ឋាន ស្ថិតនៅភូមិកោះរំដួល ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់លោកស្នងការខេត្ត ព្រមទាំងបាននាំយកនូវសម្ភារៈ និងថវិកាមួយចំនួន ឧបត្ថម្ភជូនលោក ឡាញ់ ស៊ីធឿន ដែលកំពុងសម្រាកព្យាបាលជំងឺ ដើម្បីជួយសម្រាលបន្ទុកជីវភាពមួយកម្រិត។ សកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ទោះបីជាបងប្អូនអតីតយុទ្ធជនបានចូលនិវត្តន៍ ឬកំពុងជួបទុក្ខលំបាកដោយសារជំងឺដំកាត់យ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំ និងសមាគមមិនដែលបោះបង់ចោលឡើយ ពោលគឺតែងតែនៅក្បែរ និងផ្តល់ភាពកក់ក្តៅជានិច្ច ស្របតាមពាក្យស្លោក «មានទុក្ខ មានយើង»៕










