
កិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៦
(ពោធិ៍សាត់)៖ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងទទួលផែនការងារសេនាធិការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ ប្រចាំឆមាសទី១ ព្រមទាំងលើកទិសដៅអនុវត្តសម្រាប់ឆមាសទី២ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំការិយាល័យ អធិការ-អធិការរងក្រុង-ស្រុក និងនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤៩ ឃុំ-សង្កាត់ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា បានដាក់ទិសដៅណែនាំសំខាន់ៗដល់កងកម្លាំងនគរបាលមូលដ្ឋានរួមមាន៖ បន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យទទួលបានលទ្ធផលល្អក្នុងការប្រកួតប្រជែងទូទាំងខេត្ត, ត្រូវរៀបចំបរិស្ថានប៉ុស្តិ៍រដ្ឋបាលឱ្យមានរបៀបរៀបរយ ស្អាត រួមទាំងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ដោយជៀសវាងដាច់ខាតការទទួលផលប្រយោជន៍ពីបទល្មើសគ្រប់រូបភាព, ត្រូវអនុវត្តផែនការសកម្មភាពឱ្យបានម៉ឺងម៉ាត់ ត្រៀមកម្លាំង និងមធ្យោបាយឱ្យបានរួចរាល់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោតនាពេលខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន និងត្រឹមត្រូវ៕










