
ពន្ធនាគារខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់ទណ្ឌិតចំនួន ១០៥នាក់
ពោធិ៍សាត់៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តពោធិ៍សាត់ លោកវរអគ្គានុរក្សថ្នាក់លេខ២ ស៊ិន សុផាន់ណូ ប្រធានពន្ធនាគារខេត្ត បានសហការជាមួយលោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់ទណ្ឌិតដែលត្រូវត្រៀមធ្វើសមាហរណកម្មចូលរួមរស់ក្នុងសង្គមវិញ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីទណ្ឌិត (ប្រុស) សរុបចំនួន ១០៥នាក់ ដោយផ្តោតលើជំនាញសំខាន់ៗចំនួន ៤ រួមមាន៖ ជំនាញបរិក្ខាម៉ាស៊ីនត្រជាក់ ចំនួន ២៩នាក់, ជំនាញតបណ្តាញអគ្គិសនី ចំនួន ២៧នាក់, ជំនាញដំឡើងបណ្តាញបំពង់ទឹក ចំនួន ២៥នាក់ និងជំនាញចិញ្ចឹមត្រីប្រា ចំនួន ២៤នាក់។ វគ្គសិក្សានេះរៀបចំឡើងក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹង និងជំនាញបច្ចេកទេសពិតប្រាកដ ដល់បងប្អូនជនជាប់ឃុំ ដើម្បីជាទុនគន្លឹះក្នុងការយកទៅបង្កើតមុខរបរ ឬស្វែងរកការងារធ្វើស្របច្បាប់ សម្រាប់ចិញ្ចឹមជីវិត និងគ្រួសារនៅពេលទទួលបានសេរីភាពឡើងវិញ៕










