
រដ្ឋបាលស្រុកកណ្តៀង ចុះពិនិត្យសណ្តាប់ធ្នាប់ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងផ្សារសាមគ្គីកណ្តៀង
(ពោធិ៍សាត់)៖ លោក ណារ៉ា ចំរើន អភិបាល នៃគណៈអភិបាលស្រុកកណ្តៀង បានដឹកនាំក្រុមការងារចម្រុះ ចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនអាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារសាមគ្គីកណ្តៀង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ។ ការចុះជួបផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងស្តាប់ និងទទួលយកនូវរាល់បញ្ហាប្រឈម ក៏ដូចជាសំណូមពរផ្សេងៗ របស់អាជីវករ ដើម្បីយកមកពិភាក្សា និងស្វែងរកដំណោះស្រាយជូនបានទាន់ពេលវេលា។ ជាមួយគ្នានោះដែរ លោកអភិបាលស្រុក ក៏បានពិនិត្យមើលលើការរៀបចំបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណផ្សារ ឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត របៀបរៀបរយ និងមានភាពស្រស់បំព្រងឡើងបន្ថែមទៀត៕










