
កិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់កម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅខេត្តពោធិ៍សាត់
ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ឯកឧត្តម ឌួង អេលីត នាយកពិធីការសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ និងដឹកនាំកិច្ចប្រជុំវាយតម្លៃលើការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ កម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ និងកម្មវិធីចែកអំណោយ។ ព្រឹត្តិការណ៍ដ៏ធំនេះគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ កម្មវិធីនេះរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យយុវជនយល់ដឹងពីតម្លៃសន្តិភាព បង្កើតចំណងមិត្តភាព និងបណ្តុះបណ្តាលបំណិនសតវត្សរ៍ទី២១ ភាពជាអ្នកដឹកនាំ ព្រមទាំងស្មារតីស្ម័គ្រចិត្តជួយសង្គម។










