
កិច្ចប្រជុំពិនិត្យ និងវាយតម្លៃ ពាក្យស្នើសុំបើកស្នាក់ការថ្វាយបង្គំបណ្តោះអាសន្ន (រយៈពេល ១ឆ្នាំ) របស់ព្រះវិហារអូរប្រើស
(ប៉ៃលិន)៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី ជា ដាណែត អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើពាក្យស្នើសុំអនុញ្ញាតបើកស្នាក់ការថ្វាយបង្គំបណ្តោះអាសន្ន របស់ព្រះវិហារអូរប្រើស ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ កិច្ចប្រជុំនេះមានការចូលរួមពី លោក អ៊ុង ប៊ុននាថ ប្រធានស្តីទី នៃមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូប។ អង្គប្រជុំ បានផ្តោតលើការពិនិត្យយ៉ាងល្អិតល្អន់ លើឯកសារគតិយុត្ត លក្ខខណ្ឌបច្ចេកទេស និងទីតាំងជាក់ស្តែង ដើម្បីធានាថាការសុំបើកស្នាក់ការថ្វាយបង្គំបណ្តោះអាសន្ន (រយៈពេល ១ឆ្នាំ) នេះ ត្រូវបានអនុវត្តត្រឹមត្រូវតាមនីតិវិធី និងការណែនាំ របស់ក្រសួងធម្មការ និងសាសនា។











