មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រ "ក្រូចសើច" ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្រោចស្រព ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបន្តសកម្មភាពចុះថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ ក្រូចសើច ដែលស្ថិតនៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងបែងចែកទឹកជូនប្រជាកសិករ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។
ប្រព័ន្ធធារាសាស្ត្រក្រូចសើចនេះ មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១,០០០ ហិកតា ស្រូវប្រាំង ៣០០ ហិកតា និងដំណាំរួមផ្សំចំនួន ២០ ហិកតា។
នៅក្នុងសកម្មភាពថែទាំនេះ ក្រុមការងារបាននិងកំពុងបន្ត៖ កាយស្តារប្រឡាយមេ និងសម្អាតជើងទេរប្រឡាយបានប្រវែង ៥០០ ម៉ែត្រ និងការងារបច្ចេកទេស បង្ហាប់គ្រលុកដី និងសម្អាតតាមជើងទេរប្រឡាយផ្នែកខាងក្រៅ។
គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន ទំនប់ប្រវែង ២,៥២០ ម៉ែត្រ, ប្រឡាយមេ ១ ខ្សែ (២,៨៩០ ម៉ែត្រ), ប្រឡាយរង ៣ ខ្សែ (៦,៣១០ ម៉ែត្រ), ប្រឡាយដោះទឹក ១ ខ្សែ (៤,៥០០ ម៉ែត្រ) ព្រមទាំងសំណង់ទ្វារទឹក និងលូចែកចាយទឹកជាច្រើនកន្លែងទៀតផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ អានបន្ត